ក្រុមពលរដ្ឋខ្មែរប្រហែល១រយនាក់បាននាំគ្នាឈរពាំង ដើម្បីរារាំងក្រុមទាហានថៃ កុំឱ្យដើររុលចូលមកទឹកដីខ្មែរ និងរាយបន្លាលួសនៅលើដីស្រែ ចម្ការអំពៅរបស់ពួកគាត់នៅភូមិជោគជ័យ។ ក្រុមពលរដ្ឋខ្មែរទាំងនោះ បានឈរស្រែកបណ្ដេញក្រុមទាហានថៃប្រហែល៣០នាក់ប្រដាប់ដោយអាវុធវែងខ្លី រហូតពួកគេសម្រេចដកថយត្រឡប់ទៅក្រោយវិញ។
ការប៉ះទង្គិចគ្នាជាថ្មីរវាងពលរដ្ឋខ្មែរនិងទាហានថៃនៅក្នុងភូមិជោគជ័យនេះ បានកើតឡើងក្រោយពីអភិបាលខេត្តស្រះកែវរបស់ថៃ បានដាក់លិខិតមកកាន់អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី ថា ទាហានថៃនិងអាជ្ញាធរថៃនឹងបណ្ដេញពលរដ្ឋខ្មែរ១៧០គ្រួសារចេញពីលំនៅឋាន ស្ថិតនៅក្នុងឃុំអូរបីជាន់ ដែលភាគីថៃអះអាងថា ជាទឹកដីរបស់ថៃស្ថិតក្នុងភូមិបានណងចាន់ និងភូមិបានណងយ៉ាកែវ។
ទោះជាយ៉ាងណា អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី បានចេញលិខិតឆ្លើយតបថា ការចេញលិខិតគំរាមបណ្ដេញពលរដ្ឋទាំង១៧០គ្រួសារនោះ គឺជាការបំពានលើបទឈប់បាញ់ និងអនុស្សរណៈយោគយល់គ្នាស្ដីពីការវាស់វែងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃឆ្នាំ (MoU) ២០០០។
លោក អ៊ុំ រាត្រី បានស្នើឱ្យអភិបាលខេត្តស្រះកែវរបស់ថៃ ត្រូវទុកឱ្យស្ថានភាពព្រំដែន និងស្ថានភាពពលរដ្ឋរស់នៅតាមព្រំដែន ឱ្យគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ជាអ្នកមានសមត្ថកិច្ចដោះស្រាយ។
អំឡុងពេលពលរដ្ឋខ្មែរប៉ះទង្គិចគ្នាជាមួយក្រុមទាហានថៃនៅភូមិជោគជ័យ ទំព័រហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញសេចក្ដីប្រកាសព័ត៌មានថា ជុំវិញសកម្មភាពក្រុមយោធាថៃ ចូលរាយបន្លាលួសជាបន្តបន្ទាប់តាំងពីថ្ងៃទី១២ ខែសីហា ធ្វើឱ្យប៉ះពាល់ការរស់នៅនិងការអាស្រ័យផលយូរលង់មកហើយរបស់ពលរដ្ឋខ្មែរ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ គឺរដ្ឋាភិបាលកម្ពុជាបានធ្វើការងារយ៉ាងសកម្ម និងប្រើប្រាស់យន្តការគ្រប់លំដាប់ថ្នាក់ ដើម្បីតវ៉ាទៅភាគីថៃ និងជូនដំណឹងទៅភាគីពាក់ព័ន្ធ តាមគ្រប់មធ្យោបាយការទូតស្របតាមច្បាប់អន្តរជាតិ។
សេចក្ដីប្រកាសព័ត៌មានបានបន្តថា អំឡុងពេលលោក ហ៊ុន ម៉ាណែត បានជួបពិភាក្សាជាមួយមេដឹកនាំបរទេស ជាពិសេសនៅក្នុងជំនួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គូទែរ៉េស (António Guterres) និងប្រធានប្ដូរវេនអាស៊ានលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) អំឡុងពេលកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា គឺលោក ហ៊ុន ម៉ាណែត បានស្វែងរកការជួយអន្តរាគមន៍ពីភាគីទី៣ ដើម្បីជំរុញឱ្យថៃគោរពបទឈប់បាញ់ឱ្យបានពេញលេញ និងដោះស្រាយបញ្ហាព្រំដែនដោយសន្ដិវិធីនិងស្របតាមច្បាប់អន្តរជាតិ។
ខណៈប្រទេសថៃបានដាក់ពង្រាយក្រុមប៉ូលិសប្រដាប់ដោយខែល និងក្រុមទាហាន ដើម្បីព្យាយាមចូលរាយបន្លាលួសជាថ្មីនៅភូមិជោគជ័យ គឺក្រុមពលរដ្ឋខ្មែរក៏បាននាំគ្នាសាងសង់រោងតង់នៅក្នុងចម្ការអំពៅ ដើម្បីយាមចាំដីស្រែចម្ការពួកគាត់ ពីការឈ្លានពានរបស់កងទ័ពថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។